សឺង ង៉ុក ថាញ់


ជីវប្រវត្តិរបស់លោកបណ្ឌិត សឺង ង៉ុក ថាញ់


       លោក សឺង ង៉ុក ថាញ់ បានកើតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩០៨ នៅក្នុងគ្រួសារ​ខ្មែរមួយក្នុង​ខេត្រ​ត្រវិញ​ ស្ថិតនៅក្នុងទឹកកូសាំងស៊ីន ឬកម្ពុជាក្រោមសព្វថ្ងៃ។ លោកសឺង ង៉ុក ថាញ់ គឺជាអ្នកតស៊ូរយ៉ាង​ស្វិត​ស្វាញ​ដើម្បីឯករាជ្យរបស់មាតុភូមិគាត់គឺប្រទេសខ្មែរយើងដែលក្នុង​ជំនាន់នោះ ដែលប្រទេស​យើងស្ថិតនៅ​ក្រោម​ការត្រួតត្រារបស់បារាំងនៅឡើយ។​          បន្ទាប់ពីបានបញ្ចប់ការសិក្សានៅប្រទេសបារាំង គាត់បានត្រលប់មកទីក្នុងភ្នំពេញ​និងបានធ្វើការ​នៅក្នុងបណ្ណាគារពុទ្ធសាសនបណ្ឌិត្យក្នុងមុខងារជាបណ្ណារក្ស។ វិទ្យសា្ថនពុទ្ធសាសនាបណ្ឌិត​នេះ​គឺត្រូវ​បានបង្កើតឡើងដោយបារាំងនិងខ្មែរអ្នកស្នេហាជាតិមួយចំនួនទៀត។          នៅក្នុងឆ្នាំ ១៩៣៦ លោក សឺង ង៉ុក ថាញ់ និងមិត្តពីរនាក់ទៀតគឺលោក ស៊ីម វ៉ា និងលោក​ ប៉ាច ឈឺន បានចាប់ផ្តើមបង្កើតសារពត៌មានខ្មែរដំបូងបង្អស់ដោយដាក់ឈ្មោះថា កាសែត នគរវត្ត។ ​កាសែត​នេះមាន​និន្នាការ​ផ្សព្វផ្សាយចំណេះដឹងពត៌មាន និងជាពិសេសគឺរឿងប្រទេសជាតិនិងការរំដោះខ្លួន​ពី​អាណានិគមនិយមបារាំង។          នៅដើមឆ្នាំ​ ១៩៤២ ការចូលមកដល់នៃកងទ័ពបារាំងនៅក្នុងសង្គ្រាមលោកលើកទីពីរ មកកាន់​ទឹកដីឥណ្ឌូចិន គឺជាឱកាសល្អក្នុងការដាក់សម្ពាធទៅលើបារាំង។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៤២ បាតុកម្មប្រាឆាំងបារាំងដើម្បីឲ្យដោះលែងលោកអាចារ្យ ហែម ចៀវ និងលោក នួន ឌួង ត្រូវបានរៀបចំ​ឡើង​ដោយមានការចូលរួមពីសំណាក់ប្រជន និងព្រះសង្ឃស្នេហាជាតិជាច្រើន។ ក្នុងពេលនោះ​ លោក ប៉ាច ឈឺន គឺ​ជាមនុស្សសំខាន់ជាងគេ និងបានដឹកនាំហ្វូងបាតុករដើម្បីប្រឆាំងបារាំង។ ព្រឹត្តិការណ៍នេះ​ ត្រូវ​បានគេ​ហៅក្នុងប្រវត្តិសាស្រ្តថា សង្គ្រាមឆ័ត្រ ដែលពេលនោះ ឆ័ត្រគឺជាអាវុធដែលបាតុករ ជាពិសេស​ព្រះសង្ឃបានប្រើប្រាស់ ហើយព្រឹត្តិការណ៍នេះផងដែរ ត្រូវបានគេចាត់ទុកថាជាបាតុកម្មដំបូង ដែលមាន​ទ្រង់ទ្រាយធំ ធ្វើឡើងដើម្បីប្រឆាំងអាណានិគមបារាំង។ ប៉ុន្តែប្រតិបត្តិកាណ៍ប្រឆាំងបារាំងនេះ ពុំបានទទួល​ជោគជ័យនោះទេ ព្រោះខ្មែរពេលនោះមានបទពិសោធន៍តិចតួចពេក។ លោក ប៉ាច ឈឺន ជាមួយ​នឹងមិត្តរួមការងារ​មួយចំនួនទៀត​ត្រូវ​បានបារាំងចាប់ខ្លួន។​ លោក សឺង ង៉ុក ថាញ់ ដែលជាមនុស្សសំខាន់​នៅពីក្រោយបាតុកម្ម​ត្រូវបានភាសខ្លួនទៅខេត្តបាត់ដំបង បន្ទាប់មកទៅកាន់ប្រទេសជប៉ុន។
          នៅថ្ងៃទី៩ ខែមិនា ឆ្នាំ ១៩៤៥ កងទ័ពជប៉ុននៅក្នុងឥណ្ឌូចិន គម្រាមកងទ័ពបារាំង​ដើម្បី​កាន់​កាប់ទឹកដីឥណ្ឌូចិន ហើយបានដាក់គុកមនុស្សមួយចំនួនដូចជា ប៉ូលីស ទាហ៊ាន និងប្រជាជនបារាំងមួយចំនួន​។ សម្តេចសីហនុ ដែលមានជប៉ុននៅពីក្រោយ បានប្រកាស់ឯករាជ្យប្រទេសខ្មែរនៅថ្ងៃទី​១១ ខែមិនា​ ឆ្នាំ​១៩៤៥។ លោកសឺង ង៉ុកថាញ់ បានត្រឡប់មកពីជប៉ុនវិញ ហើយធ្វើការជារដ្ឋមន្រ្តីក្រសួងការបរទេស។ ក្រោយមកទៀតគាត់បានឡើងជានាយករដ្ឋមន្រ្តី។ គាត់បានប្រឹងប្រែងធ្វើការយ៉ាងមុះមត់ក្នុងការការ​ពារឯក​រាជ្យរបស់ខ្មែរនៅពេលនៅ ប៉ុន្តែនៅអំឡុងខែតុលា បារាំងបានត្រឡប់មកគ្រប់គ្រងខ្មែរសារជាថ្មី ហើយ​បានបញ្ឈប់លោកពីនាយករដ្ឋមន្រ្តី ហើយចោទប្រកាន់និងកាត់ទោសលោកថាជាជនក្បត់ជាតិ។          គាត់ពេលនោះត្រូវបានគេចាប់ខ្លួននិងនាំទៅកាន់ទីក្រុង សាយហ្គន (ព្រៃនគរ)  និងបន្ទាប់មកត្រូវ​បញ្ចូនទៅកាន់ប្រទេសបារាំង និងបានឃុំខ្លួននៅក្នុងទីក្រុង Poitiers ។ ៥ ឆ្នាំក្រោយមក នៅឆ្នាំ ១៩៥១ លោកសឺង ង៉ុក ថាញ់ ត្រូវបានអនុញ្ញាតិឲ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ​ ដោយ​មានមនុស្សរ៉ាប់បាន់នាក់ចាំស្វាគមន៍ទទួល។ គាត់បានបដិសេធន៍មិនទទួលយកមុខដំណែងជារដ្ឋមន្រ្តីដែលគណបក្សប្រជាធិត្បតេយ្យបានតែងតាំង ផ្ទុយទៅវិញគាត់បានចាប់​ផ្តើមការងារសារព៌មានជាថ្មី ដែលពេលនោះគាត់បាន​បង្កើតកាសែតមួយឈ្មោះថា ក្រោក ដែលមាននិន្នាការទាមទារឯករាជ្យពេញលេញមកឲ្យកម្ពុជា ប៉ុន្តែមួយខែបន្ទាប់មក អាជ្ញាធរបារាំងបានបិទហាងកាសែតនោះចោល។          នៅថ្ងៃទី ៩ ខែមិនា ឆ្នាំ ១៩៥២ លោក សឺង ង៉ុក ថាញ់ បានចាកចេញពីភ្នំពេញ​ ហើយភាសខ្លួន​ចូលក្នុងព្រៃនៅក្នុងខែត្រសៀមរៀបក្នុងគោលបំណងបង្កើតចលនាតស៊ូទាមទារឯករាជ្យ និងបង្កើតរបប​សាធារណមួយសម្រាប់ប្រទេសខ្មែរ ប៉ុន្តែគោលបំណងនេះពុំបានសម្រេចនោះទេ។          ច្រើនឆ្នាំ្កក្រោយមក នៅក្នុងទសវត្សឆ្នាំ ១៩៧០ សម្តេចសីហនុត្រូវបានដកចេញពីដំណែង លោក​សឺង ង៉ុក ថាញ់ ក៏បានត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ ហើយគាត់ត្រូវបានលោកប្រធានាធិបតី លន់ នល់​ តែងតាំងឲ្យធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតី ហើយកងទ័ពរបស់គាត់ក៏បានចុះចូលជាមួយរដ្ឋាភិបាលរបស់​សាធារណរដ្ឋ។
          នៅក្នុងឆ្នាំ ១៩៧៣ គាត់បានលាលែងពីចាកចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីកំណើតរបស់​គាត់នៅឯកម្ពុជាក្រោមវិញ។ បន្ទាប់ពីទីក្រុង សាយហ្គន ដួលរលំនៅឆ្នាំ ១៩៧៥ លោក សឺង ង៉ុក ថាញ់​ត្រូវបានអាជ្ញាធររបស់យួនកុម្មុយនីស្តចាប់ខ្លួននិងដាក់ពន្ធនាគារ ហើយគាត់បានទទួលមរភាពនៅក្នុង​ពន្ធនាគារនោះនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៧៧។