វិចិត្រករ ញ៉ឹក ឌឹម ចាប់កំណើតនៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ១៩៣៤ នៅក្នុងភូមិ រាប ឃុំរាប ស្រុកពារាំងខេត្តព្រៃវែង។ ឪពុករបស់គាត់ឈ្មោះ ញ៉ឹក ពិដោរ (Nhek Pidaou) ម្តាយរបស់គាត់ឈ្មោះ ព្រំ ពុល (Prom Pul) ពួកគាត់ជាកសិករនៅក្នុងខេត្តព្រៃវែង។ តាំងពីកុមារភាព កុមារញ៉ឹក ឌឹម មានទេពកោសល្យយ៉ាងល្អក្នុងការគូរគំនូរ។គាត់បានបញ្ចប់ថ្នាក់បឋមសិក្សានៅឆ្នាំ ១៩៤៦។ ដោយសារតែគាត់មានទេពកោសល្យក្នុងការគូរគំនូរ ឪពុកម្តាយរបស់គាត់បានបញ្ជូនគាត់ទៅកាន់សាលាសិល្បៈកម្ពុជា (School of Cambodian Arts) ដែលសព្វថ្ងៃនេះគឺជា ផ្នែកមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅពេលនោះគាត់បានសិក្សាអំពីគំនូរបុរាណ ហើយគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៥៤ និងចាប់ផ្តើមធ្វើការដំបូងនៅក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងភ្នំពេញ។ គាត់បានរៀបការជាមួយអ្នកស្រី ម៉ៅ សាម៉េន និងបានបង្កើតចំណងអាពាហ៍ពិពាហ៍ដោយមានបុត្រប្រាំមួយនាក់ គឺកូនស្រី៣នាក់និងកូនប្រុស៣នាក់។ នៅក្នុងឆ្នាំ១៩៥៧ គាត់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីភីនចំនួន៦ខែ ដើម្បីគូរគំនូរនិងបោះពុម្ពផ្សាយជាសៀវភៅ។ ក្រោយមកទៀតគាត់ក៏បានស្នាក់នៅឯសហរដ្ឋអាមេរិកចាប់ពី១៩៦៣ ដល់ឆ្នាំ ១៩៦៧ដែរ ដើម្បីសិក្សាអំពីការបង្កើតគំនូរជីវចល។ គំនូរជីវចលរបស់គាត់ ដែលមានឈ្មោះថាបណ្ឌិតទន្សាយ (The Wise Rabbit) បានទទួលជ័យជំនះក្នុងការប្រលងប្រជែងគូរគំនូរមួយដែលបានរៀបចំឡើងដោយ Walt Disney។ ក្រោយមកទៀត ព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហនុ បានស្នើរឲ្យគាត់គូរគំនូរដើម្បីដាក់ធ្វើជាសៀវភៅចំរៀងដែល ព្រះអង្គបាននិពន្ធ។តាមធម្មតាគាត់ចូលចិត្តគូរគំនូរ ចំអកឬកំប្លែងដែលបោះពុម្ពផ្សាយនៅលើទំព័រទស្សនាវដ្តីជាច្រើន។ វិចិត្រករ ញ៉ឹក ឌឹម បានគូរគំនូរជាច្រើន ហើយគាត់បានតាំងពិព័រគំនូររបស់គាត់ដែលមានដូចជាគំនូរបុរាណ និងគំនូរពណ៌ទឹកជាដើម។ ក្រៅពីការគូរគំនូរ វិចិត្រករ ញ៉ឹក ឌឹម បាននិពន្ធរឿងប្រលោមលោក និងតែងបទចំរៀងបានមួយចំនួនផងដែរ។ គាត់ត្រូវបានគេស្គាល់ថាជាមិត្តដ៏ជិតស្និទ្ធរបស់ស្តេចចំរៀងខ្មែរ គឺលោក ស៊ិន ស៊ីសាមុត។ វិចិត្រករ ញ៉ឹក ឌឹមទទួលមរណភាពនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងរបបវាលពិឃាតរបស់ខ្មែរក្រហម។
គំនូរមួយចំនួនរបស់វិចិត្រករ ញ៉ឹក ឌឹម